banteay_srei
 
   
 
APSARA_Authority
 
 
 
 
 
ប្រាសាទបន្ទាយស្រី
សាង ​ឡើង​ដោយ​មុខ​មន្ត្រីមួយ​រូប​ឈ្មោះ យជ្ញវរាហៈ ​ដែល​មាន​ងារ​ជា "ព្រះ​គ្រូ" នៃ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័ន ហើយ​បន្ទាប់​មក​ទៀតនៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៥ ដែល​ជា​ព្រះ​រាជ​បុត្រ​ផង​ ។ ស្នា​ដៃ​នេះ​មានប្អូន​ប្រុស​ម្នាក់​និង​ប្អូន​ស្រី​ម្នាក់​ទៀត​របស់​គាត់​មក ​រួម​ចំណែក​ដែរ ។ ប្រាសាទ​នេះ ផ្ដើម​សាង​ឡើង​នៅ​គ.ស ៩៦៧ ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​ឥសូរ ដែល​មាន​នាម​ពិសេស​ថា "ត្រីភុវតមហេស្វរៈ" ។ ចម្លាក់​ក្បូរ​ក្បាច់​រចនា​នៅ​ទីនោះ​មាន​ភាព​លំអិត​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គេ​ឯង​រាល់​គ្នា​និយម​ហៅ​ប្រាសាទ​នេះ​ថា​ជា​ "អលង្ការ​ដ៏​ប្រណិត​នៃ​សិល្បៈ​ខ្មែរ​" ។
គឺ ​នៅ​បន្ទាយ​ស្រី​នេះ​ហើយដែល​ចាប់​ផ្ដើម​ឃើញ​មាន​​ហោ​ជាង​និទាន​រឿង​ ពោល​គឺ​ពុំ​មែន​គ្រាន់​តែ​ឆ្លាក់​រូប​ទេព​អ្វី​មួយ​ ឬ​ក្បាច់លំអ​ទោល​តែ​ឯង​នោះ​ទេ ។ នៅ​ហោ​ត្រ័យខាង​ត្បូង​ ហោ​ជាង​សុទ្ធ​សឹង​មាន​ស្រង់​រឿង​ព្រះ​ឥសូរ​មួយ​ត្រង់​ឈុត​ដែល​មាន​រាពណ៍​ ប៉ុនប៉ង​នឹង​ធ្វើ​ឲ្យ​ភ្នំ​កៃលាស​រង្គោះ​រង្គើ ដើម្បីបណ្ដេញ​ឲ្យ​ព្រះ​ឥសូរ​ចេញ​ពី​ទីនោះ មួយទៀត​ត្រង់​កន្លែង​ដែល​ព្រះ​កាម​ទេព​បម្រុង​បាញ់​ព្រួញ​លើ​ព្រះ​ឥសូរ​ និង​រឿង​ព្រះ​នារាយណ៍​ត្រង់​កន្លែង​ដែលព្រះ​ឥន្ទ្របង្អុរ​ភ្លៀង​ស្រោច​ ស្រពលើ​ព្រៃ​មួយ​ដែល​ព្រះ​ក្រឹស្នានិង​ពល​រាប​គង់​នៅ​ ដើម្បី​ឲ្យ​បាន​ត្រជាក់​ត្រជុំ​ ។​

មិនតែ ​ប៉ុណ្ណោះទេ​ មាន​ហោជាង​ពីរ​ដ៏​ល្អ​ នៃ​ប្រាសាទ​បន្ទាយ​ស្រី ដែល​សព្វ​ថ្ងៃ​នេះ​តាំង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សារមន្ទីរ​ Guimet ប៉ារីស ។ រី​ឯ​ផ្ដែដែល​មាន​ចោះ​យក​ឈុត​ផ្សេងៗ​ នៃ​ទេវកថា​មក​បង្ហាញ​ ក៏​មាន​ច្រើន​ដែរនៅ​ទី​នោះ ។ សិលា​ចារឹក​បន្ទាយ​ស្រី​មាន​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ​នៅ​ផ្ទាល់​ទី​កន្លែង​សព្វ​ថ្ងៃ គឺ​មាន​តែ​សិលា​ចារឹក​លើ​មេ​ទ្វារ​ប៉ុណ្ណោះ ព្រោះ​គេ​បាន​យក​ថ្ម​ចារឹក​ដែល​ដូរ​ទី​កន្លែង​បាន​ទៅ​រក្សា​ទុក​អស់​ហើយ ។

 

    ត្រឡប់ទៅលើ
   
 
© អាជ្ញាធរអប្សរា This website was built in cooperation with the Swiss Agency for Development and Cooperation