news_run_ta_ek_vt
 
   
 
 
 
 
 
គណៈប្រតិភូទីក្រុងហូជីមិញប្រទេសវៀតណាម
ចុះទស្សនកិច្ចភូមិធម្មជាតិរុនតាឯកខេត្តសៀមរាប

ក្រុមគណៈប្រតិភូក្រុមហ៊ុនSICCទីក្រុងហូជីមិញនៃប្រទេសវៀតណាមចំនួន១៧នាក់
បានចុះ ធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦​ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២
នៅតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍
ភូមិ ធម្មជាតិរុនតាឯកបានជំរាបជូនថា ក្រុមគណៈប្រតិភូក្រុមហ៊ុន SICC ប្រទេស
វៀតណាមដែលអញ្ជើញ មកទស្សនកិច្ចនៅតំបន់ភូមិធម្មជាតិរុនតាឯកនានេះគឺស្ថិត
ក្នុងគម្រោង Bach Ma-TUAT charcorl ដែលជាគម្រោងមួយធ្វើការអភិវឌ្ឍទៅលើ
ផ្ទះស្នាក់របស់ភ្ញៀវ (Home stay) ហើយគោលបំណងនៃការ ធ្វើទស្សនកិច្ចនេះ គឺដើម្បី
ផ្លាស់ប្តូរបទពិសោធន៍រវាងគម្រោង Run Ta Ek Organic Farm និង គម្រោង
Bach Ma-TUAT charcorl project Team ជាពិសេសគឺដើម្បីសិក្សាស្វែងយល់ពី
គម្រោងរៀបចំផ្ទះស្នាក់របស់ភ្ញៀវទេសចរនៅភូមិធម្មជាតិរុនតាឯករបស់អាជ្ញាធរអប្សរា។

ឯកឧត្តម សុខ លក្ខិណា បានឲ្យដឹងបន្ថែមទៀតថា ក្រៅពីការធ្វើទស្សនកិច្ចនៅភូមិ
ធម្មជាតិរុនតាឯកនេះ ក្រុមគណៈប្រតិភូក៏បានចូលទស្សនាស្ថានីយបណ្តុះកូនឈើ
នៅប្រាសាទតាកែវ សារមន្ទីរ​ឡកុលាភាជន៍តានី សួនដំណាំធម្មជាតិរបស់អាជ្ញាធរ
អប្សរា និងទស្សនាប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរផងដែរ ។

ចំណែកឯក្រុមគណៈប្រតិភូប្រទេសវៀតណាមវិញបានសម្ដែងនូវអារម្មណ៍រំភើបសប្បាយ
រីករាយនិងទទួលបានបទពិសោធន៍ជាច្រើនពីដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ
ពិសេសបទពិសោធន៍ពាក់ព័ន្ធនឹងការបង្កើតផ្ទះស្នាក់របស់ភ្ញៀវនៅភូមិធម្មជាតិរុនតាឯក
របស់អាជ្ញាធរអប្សរា ។ នាពេលដ៏ខ្លីខាងមុខនេះ តំណាងក្រុមប្រតិភូសន្យាថានឹងនាំក្រុម
ប្រតិភូវៀតណាមដទៃទៀតមកធ្វើទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯកនេះ ។ ម៉្យាងវិញ
ទៀត ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមិត្តភាព និងកិច្ចសហ-
ប្រតិបត្តិការល្អរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ។  

សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯកជាភូមិមួយដែលត្រូវបានបង្កើតឡើងដោយ
អនុក្រឹត្យលេខ​៦៩អនក្រ .បក  ចុះថ្ងៃទី១៩  ខែតុលា  ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល
ដែលមានទំហំ ១០១២ ហិចតា និងត្រូវគ្រប់គ្រងដោយអាជ្ញាធរអប្សរាស្ថិតក្នុងស្រុក
បន្ទាយស្រី ខេត្តសៀមរាប ។ ក្នុងគោលបំណង ដើម្បីទទួលយកបងប្អូនប្រជាពលរដ្ឋ
ដែលកំពុងរស់នៅក្នុងតំបន់ការពារទី១ និងទី២  នៃរមណីយដ្ឋាន ឧទ្យានអង្គរ ហើយ
ស្ម័គ្រចិត្តចាកចេញពីតំបន់ឬគ្រួសារដែលទើបរៀបការថ្មី ហើយមានបំណងចង់បែក
ផ្ទះពីឪពុកម្ដាយ ។ ម្យ៉ាងវិញទៀតការគ្រប់គ្រង និងរៀបចំអភិវឌ្ឍធ្វើឡើងស្របតាម
ទិសដៅរបស់រាជរដ្ឋាភិបាលតាមទស្សនៈ ភូមិធម្មជាតិដើម្បីការអភិវឌ្ឍប្រកប
ដោយចីរភាព
។ ភូមិធម្មជាតិនេះនឹង ត្រូវរៀបចំជាលក្ខណៈភូមិខ្មែរតាមលំនាំរស់
នៅតាមបែបប្រពៃណីដោយផ្តោតទៅលើមូលដ្ឋានសំខាន់ៗដូចជា កសិកម្មធម្មជាតិ
សិប្បកម្ម និងទេសចរណ៍ធម្មជាតិដែលអាចឲ្យប្រជាពលរដ្ឋអាចមានជីវភាពរស់នៅ
បានសម រម្យ​ពុំចាំបាច់ចាកចេញទៅស្វែងរកការងារធ្វើនៅឯទីក្រុងសៀមរាបឫទីកន្លែង
ផ្សេងទៀត ពោលគឺធ្វើការអភិវឌ្ឍនៅទីកន្លែងនេះតែម្តង ។ បច្ចុប្បន្នលំនៅស្ថានចំនួន
១០០ខ្នងបានសាងសង់រួចរាល់ ហើយគ្រួសារប្រជាពលរដ្ឋបានមករស់នៅក្នុងភូមិនេះ
ទៅថ្ងៃអនាគតភូមិនេះនឹងក្លាយជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់របស់កម្ពុជាផង
ដែរ។

ក្រុមប្រតិភូវៀតណាមចុះធ្វើទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក
ត្រឡប់ទៅលើ
 
   
 
© អាជ្ញាធរអប្សរា This website was built in cooperation with the Swiss Agency for Development and Cooperation