គោលគំនិតរៀបចំភូមិធម្មជាតិ
អ្នកដែលនឹងទៅរស់នៅក្នុងតំបន់ថ្មីរុនតាឯកនេះ សុទ្ធសឹងជាអ្នកដែលធ្លាប់មានជីវភាពតាមទំលាប់ជាប្រពៃណីខ្មែរ ក្នុងបរិស្ថានធម្មជាតិនៃឧទ្យានអង្គរ ។
ការដែលគាត់ចាកចេញពីមជ្ឍដ្ឋាននេះ ទៅរស់នៅកន្លែងថ្មី ដែលមានសភាពជាទីក្រុងសុទ្ធសាធនោះ អាចបង្កឲ្យគាត់ដាច់ឫសគល់ ពីទម្លាប់ដែលធ្លាប់ប្រតិបត្តិកន្លងមក ។ ធ្វើរបៀបនេះមិនត្រឹមត្រូវទេ ហើយនឹងអាចជាកំហុសយ៉ាងធ្ងន់ធ្ងរផង ។ ផ្ទុយទៅវិញ យើងគួរតែរៀបចំលំនៅដ្ឋានយ៉ាងណា ឲ្យអ្នកចំណូលថ្មីអាចមានឱកាសប្រតិបត្តិតាមទំនៀមរៀងមក និងទម្លាប់ឲ្យមានការរស់នៅតាមរបៀបថ្មីបន្តិចម្តងៗ ទើបជាការត្រឹមត្រូវសមរម្យ ។ គោលគំនិតនេះហើយ ជាទិសដៅនៃការរៀបចំភូមិធម្មជាតិ រុនតាឯក ។
គោលគំនិតនេះផ្អែកលើមូលដ្ឋានដូចតទៅ ៖
១- កែលំអលក្ខខណ្ឌជីវភាពឲ្យបានគ្រប់ជ្រុងជ្រោយ គឺផ្នែកសង្គម សេដ្ឋកិច្ច ព្រមទាំងវប្បធម៌ ពោលគឺធ្វើយ៉ាងណាឲ្យការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះ គ្រាន់តែជាការផ្លាស់ប្តូរទីតាំងភូមិសាស្រ្តប៉ុណ្ណោះ មិនមែនផ្លាស់ប្តូរតម្លៃសង្គម ឬប្រពៃណីរបស់គាត់ទេ ។
២- បង្កលក្ខណៈឲ្យប្រជាពលរដ្ឋ អាចធ្វើការអភិវឌ្ឍជីវភាពរស់នៅបន្តិចម្តងៗ ដោយបញ្ចេញគំនិតថ្មីៗ និងសកម្មភាពថ្មីដែលសមស្របនឹងធម្មជាតិ បូករួមទាំងការកើនឡើងនៃកម្រិតជីវភាពផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមគ្នា ។
៣- បង្កើនបរិស្ថានធម្មជាតិ ប្រកបដោយសកម្មភាពចំរុះ ដែលពឹងផ្អែកលើលក្ខណៈសម្បត្តិធម្មជាតិ ដែលមាននៅលើទីតាំងថ្មី មានទឹក ព្រៃឈើ កសិកម្មគ្រប់បែបយ៉ាង ។
៤- តម្រែតម្រង់សកម្មភាពសេដ្ឋកិច្ច ទៅរកការប្រើប្រាស់ធនធានធម្មជាតិ ដែលមាន ៖
- បង្កើតភោគផលកសិកម្មគ្រប់បែប (ស្រូវ ដំណាំ បន្លែ ដើមឈើហូបផ្លែ ...)
- បង្កើតកសិកម្ម ធ្វើអំពីធនធានព្រៃឈើដែលមាន (ឈើ ឫស្សី រពាក់ ស្លឹកត្នោត ស្លឹករំចេក ផ្កា...)
- បង្កើតទេសចណ៍ធម្មជាតិ ផ្អែកលើការប៉ិនប្រសប់របស់ប្រជាជន ផ្នែកវប្បធម៌ សិល្បៈ និងរៀបចំឲ្យមានការទស្សនាលំនៅដ្ឋាន ភូមិករក្នុងតំបន់រុនតាឯក ដោយថ្មើរជើង ជិះកង់ ឬរទេះជាដើម ។
៥- បង្កើតធនធានមនុស្សគ្រប់វិស័យ តាមតម្រូវការជីវភាពអ្នកភូមិដូចជា ជួសជុលកង់ ម៉ូតូ វិទ្យុ ទូរទស្សន៍ និងការផលិតរបស់របរប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ដែលប្រើប្រាស់ប្រចាំថ្ងៃជាដើម ។
៦- ប្រើប្រាស់សក្តានុពលបុរាណវិទ្យា និងប្រវត្តិសាស្រ្តដែលមានក្នុងភូមិ និងតំបន់ក្បែរៗភូមិ ៖
- បង្កើតវង់ទស្សនាឧស្សាហកម្មកុលាលភាជន៍សម័យអង្គរ ព្រមទាំងសារមន្ទីរកុលាលភាជន៍នៅភូមិតានី ។ ក្រៅពីនោះ នឹងមានការបង្កើតរោងសិប្បកម្មផលិតកុលាលភាជន៍បែបបុរាណ ឲ្យមានជីវិតរស់ឡើងវិញផង ។
- ស្រះទឹកបុរាណដែលមានស្រាប់ នៅប៉ែកខាងលិចភូមិរុនតាឯក អាចរៀបចំឲ្យក្លាយជារមណីយដ្ឋានសម្រាប់លំហែកាយ និងទាក់ទាញទេសចរ ។
៧- កាត់បន្ថយការប្រើប្រាស់ថាមពលពីប្រេងឥន្ទនៈ ព្រមទាំងជីគីមីដែលបំពុលបរិស្ថាន ដោយបែរទៅរកថាមពលធម្មជាតិដូចជាពន្ឡឺព្រះអាទិត្យ កម្លាំងខ្យល់ និងជីធម្មជាតិជាដើម ។
ដោយផ្អែកលើគោលគំនិតរៀបចំខាងលើទាំងនេះហើយ ទើបយើងអាចចាត់ទុកទីតាំងថ្មីនេះជា "ភូមិធម្មជាតិ រុនតាឯក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព" ។ |